ជិះម៉ូតូឆក់កាបូបនិងទូរស័ព្ទដៃក្នុងក្រុងសៀមរាបអស់លក្ខណ៍ទាំងអ្នកឆក់និងអ្នកទិញ
Thursday, August 23, 2007
22/08/2007
ខេត្តសៀមរាប ៖ យុវជនសង្ស័យឆក់កាបូបនិងទូរស័ព្ទដៃនៅក្នុងទីរួមខេត្តសៀមរាបចំនួន៣នាក់ បានត្រូវកំលាំង សមត្ថកិច្ចប៉ូលិសប៉ុស្ត៏រដ្ឋបាលឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប សហការ ជាមួយនឹងកំលាំងសមត្ថកិច្ច ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរ បាលខេត្តតាមធ្វើការស្រាវជ្រាវឈានទៅឃាត់ចាប់ខ្លួនបានកាលពីថ្ងៃទី១៨ សីហា កន្លងទៅនេះពីបទអំពើ ចោរកម្មឆក់ កាបូប និងទូរស័ព្ទដៃបន្តបន្ទាប់ ចំនួន៣លើក ។

ក្រុមយុវជនជាប់ចោទដែលបានឃាត់ខ្លួនមាន ១-ឈ្មោះម៉ូវ លីម៉ន អាយុ១៩ឆ្នាំ, ២-ឈ្មោះមាស វាសនា អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប និង៣-ឈ្មោះគីម ដារ៉ា អាយុ ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប ដូចគ្នា ។ ទាក់ទិន ទៅនឹងសកម្មភាពនៃការប្រព្រឹត្តិបទល្មើសនិងការតាមស្រាវជ្រាវឃាត់ខ្លួនបាន ក្រុមយុវជនជាប់ ចោទនេះ លោកអនុសេនីយ៍ត្រីឆឹង សុភា ប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយដង្គុំ បានឱ្យដឹងថា ការ ឃាត់ខ្លួននេះគឺអនុវត្តតាមដីការនាំខ្លួនរបស់តុលាការខេត្តសៀមរាប-ឧត្តរមានជ័យ និងយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ជាម្ចាស់ទ្រព្យ ។ តាមចំលើយសារភាពបានឱ្យដឹងផងដែរថា ក្រុមយុវជនជាប់ចោទទាំង៣នាក់ខាងលើនេះ ធ្លាប់បានប្រព្រឹត្ត អំពើឆក់នៅក្នុងទីរួមខេត្តសៀមរាបនេះ ចំនួន៣លើកកន្លងមក នាអំឡុងខែសីហានេះ ហើយការប្រព្រឹត្តិ បទល្មើសចុងក្រោយគឺបង្កទ្បើង ដោយយុវជន ឈ្មោះម៉ូវ លីម៉ន អាយុ១៩ឆ្នាំ និងឈ្មោះ មាស វាសនា អាយុ២១ឆ្នាំ ប្រើប្រាស់មធ្យោបាយម៉ូតូធុនសេ១២៥ ពណ៌ក្រហមស៊េរី២០០៦មួយគ្រឿង ជិះឌុបគ្នា បើកបរ ដោយឈ្មោះម៉ូវ លីម៉ន ធ្វើសកម្មភាពឆក់យកកាបូបរបស់ស្ត្រីរងគ្រោះម្នាក់ឈ្មោះចំរើន រតនា កាលពីវេលាយប់ថ្ងៃទ្ងី១៤ សីហា ហើយយកបានទូរស័ព្ទដៃចំនួនពីរគ្រឿងម៉ាកណូគារ៦៦៨០ពណ៌ទឹកប្រាក់ និងម៉ាកសូនីអេរីសាន់បត់១គ្រឿង លុយអាមេរិកចំនួន៩១ដុល្លារ ព្រមទាំងលុយខ្មែរចំនួន១២ម៉ឺនរៀល ផងដែរ ។ ការឆក់បានធ្វើឡើងខណៈដែលស្ត្រីរងគ្រោះកំពុងបើកបរម៉ូតូម៉ាកវីវ៉ារបស់ខ្លួន នៅតាមកំណាត់ផ្លូវខាង ក្រោយពហុកីទ្បដ្ឋានទីរួមខេត្តនាវេលាយប់ថ្ងៃទ្ងី១៤ ខែសីហា ២០០៧ ហើយរហូតដល់ថ្ងៃទ្ងី១៨ សីហា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ និងដីកានាំខ្លួនរបស់តុលាការខេត្ត ទើបយុវជនជាប់ចោទទាំង ៣នាក់ខាងលើនេះ ដែល២នាក់ជាអ្នកធ្វើសកម្មភាពផ្ទាល់ គឺឈ្មោះម៉ូវ លីម៉ន និងឈ្មោះមាស វាសនា និងអ្នកទទួលផលចោរកម្មនាំយកទូរស័ព្ទដែលឆក់បានពីជនរងគ្រោះ ទៅលក់នោះគឺឈ្មោះ គីម ដារ៉ា ត្រូវ បានកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំស្វាយដង្គុំ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុក សៀមរាប និងកំលាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលខេត្តចាប់ខ្លួនបានតែ ម្តង ។ បន្ទាប់ពីការចាប់ខ្លួនជនជាប់ចោទជាចោរឆក់ទាំង៣នាក់ខាងលើនេះសមត្ថកិច្ចប៉ូលិស ធ្វើការដកហូតយក បានទូរស័ព្ទដៃម៉ាកណូគារ៦៦៨០ពណ៌ទឹកប្រាក់ជារបស់ស្ត្រីរងគ្រោះមួយគ្រឿង ពីក្នុងហាងលក់ទូរស័ព្ទ យីហោទីអូនលក់ទរស័ព្ទដៃមួយកន្លែងក្នុងខេត្តដែលទទួលទិញពីក្រុមជនជាប់ចោទ ប្រគល់ទៅឱ្យម្ចាស់ ដើមវិញ រីឯក្រុមយុវជនជាចោរឆក់ទាំង៣នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
Source: ATKHMER

