ក្រមសីលធម៌រួម សំរាប់អ្នកសារព័ត៌មានកម្ពុជា (2)
Friday, October 23, 2009
សេចក្តីព្រាង
បុព្វកថា
ដោយសារព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យើងសង្កេត ឃើញថា ប្រព័ន្ធផ្សព្វផ្សាយមានការរីកចំរើន និង មានលក្ខណ:សំបូរបែប។ ទន្ទឹមនឹងការរីកចំរើននោះប្រព័ន្ធផ្សព្វ- ផ្សាយមួយចំនួនត្រូវបានបង្កើតទ្បើង ដើម្បីបំរើអោយនិន្នាការនយោបាយផ្សេងៗគ្នា។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនទៀតបានព្យាយាមប្រកាន់យកនូវជំហរឯករាជភាព នៅក្នុងការបំពេញវិជ្ជាជីវ:របស់ខ្លួន។
ម៉្យាងវិញទៀត អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជា មិនបានទទួលការបណ្តុះបណ្តាលផ្នែក វិជ្ជាជីវ:សារព័ត៌មានអោយបានត្រឹមត្រូវទេ ដែលជាហេតុធ្វើអោយការផ្សព្វផ្សាយព័ត៌មានមិនបានឆ្លើយតបទៅនឹង ការរីកចំរើនរបស់សង្គម និង តម្រូវការចាំបាច់របស់សាធារណជន ក៏ដូចជាការអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានផងដែរ។
ដោយយល់ឃើញថា ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះមួយ សំរាប់អ្នកសារព័ត៌មានក្នុងការអនុវត្តវិជ្ជាជីវ:របស់ខ្លួន និងដោយមើលឃើញពីកង្វះខាតនៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវ:របស់អ្នកសារព័ត៌មាន ក៏ដូចជាប្រទេសកម្ពុជាមិនទាន់មានក្រមសីលធម៌វិជ្ជាជីវ:រួមមួយ សំរាប់អ្នកសារព័ត៌មានយកមកអនុវត្តនៅទ្បើយនោះ ទើប សមាគម និង អង្គការសារព័ត៌មានមួយចំនួន បានផ្តួចផ្តើមចងក្រងនូវក្រមសីលធម៌វិជ្ជាជីវ:រួមមួយ ដែលបានមកពីការច្របាច់បញ្ចូលគ្នានូវក្រមសីលធម៌វិជ្ជាជីវ:របស់សមាគម និង អង្គការសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មានរបស់ប្រទេសជឿនលឿនមួយចំនួនទៀត នៅលើពិភពលោក ដើម្បីបង្កើតជាក្រមសីលធម៌វិជ្ជាជីវ:រួមមួយ សំរាប់អ្នកសារព័ត៌មានកម្ពុជា យកមកអនុវត្ត នៅក្នុងការបំពេញការងាររបស់ខ្លួនជា អ្នកសារព័ត៌មាន។
យើងជាអ្នកសារព័ត៌មានកម្ពុជា ជឿជាក់ថា ការមានក្រមសីលធម៌រួមមួយ គឺជាការចាំបាច់ណាស់សំរាប់ អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីអោយមានការជឿទុកចិត្តពីសាធារណជន និង ខិតខំបំរើសាធារណជន ប្រកបដោយភាពម៉ឺងម៉ាត់ និងស្មោះត្រង់។
ខ្លឹមសារនៃក្រមសីលធម៌រួម សំរាប់អ្នកសារព័ត៌មានកម្ពុជា មានដូចខាងក្រោមនេះ
១-ការស្វែងរក និងរាយការណ៏ព័ត៌មានពិត
- ត្រូវលើកកម្ពស់ការសរសេរ និងការផ្សាយទាំងទ្បាយឲ្យមានការពិត និងត្រឹមត្រូវ។
- ប្រើវិធីដោយសុច្ចរិតត្រឹមត្រូវ ដើម្បីស្វែងរកដំណឹង រូបថត និងឯកសារផ្សេងៗក្នុងការចុះផ្សាយ។
- ត្រូវត្រួតពិនិត្យព័ត៌មានទ្បើងវិញមុនការបោះពុម្ពផ្សាយ ដើម្បីបញ្ជាក់អំពីការពិត និងភាពច្បាស់លាស់ នៃហេតុការណ៏។
- ត្រូវបែងចែក និងញែកចេញឲ្យច្បាស់លាស់រវាងព័ត៌មាន និងការបញ្ចេញទស្សន:យោបល់ដើម្បីបង្ហាញ នូវអ្វីដែលជាហេតុការណ៏ពិតនៃព័ត៌មាន និងអ្វីដែលជាសេរីភាពនៃការបញ្ចេញមតិ។
- រាល់ការបញ្ចេញយោបល់រិះគន់ ត្រូវធ្វើទ្បើងដោយភាពថ្លៃថ្នូរស្របតាមគតិយុត្តិ និងត្រូវគោរពសិទ្ធិ អ្នកដទៃ អោយសមជាអ្នកសារព័ត៌មានពិតប្រាកដ។
- ត្រូវរាយការណ៏តែតាមហេតុការណ៏ ដែលខ្លួនបានដឹងពីប្រភពដើមតែប៉ុណ្ណោះ។ អ្នកសារព័ត៌មាន មិនត្រូវលប់បំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬ កែបន្លំឯកសារផ្សេងៗទ្បើយ។
- ផ្សព្វផ្សាយព័ត៌មានដែលសុក្រិតជាក់ស្តែង អព្យាក្រិត មានតុល្យភាព និងមិនត្រូវផ្សព្វផ្សាយព័ត៌មាន ណាដែលនាំអោយមានការភ័ន្តច្រទ្បំដល់សាធារណជន។
- អ្នកសារព័ត៌មានត្រូវផ្តល់សំទ្បេងទៅក្រុមណាដែលមិនមានលទ្ធភាព ឬ មិនមានឪកាសក្នុងការបញ្ចេញ សំទ្បេងនូវអ្វីដែលពួកគេចង់បាន។
- ព្យាយាមស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងសាច់រឿងព័ត៌មាន ដើម្បីផ្តល់ឪកាសអោយគេបានបកស្រាយ ទៅនឹងអ្វីដែលបានចោទប្រកាន់ថាគេធ្វើខុស។
- ជៀសវាងការប្រើប្រាស់វិធីសម្ងាត់ដើម្បីទទួលបានព័ត៌មាន លើកលែងតែពេលដែលប្រើប្រាស់វិធី បើកចំហរមិនអាចទទួលបានព័ត៌មានសំរាប់សាធារណជន។

